
កាលបរិច្ឆេទ: ១០ មីនា ២០២៦ / សុខភាព / Author : ATH Sokren
មូលនិធិគីណាល់ដែលជាផ្នែកមួយនៃក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលបានពង្រឹងកិច្ចការសង្គមរបស់ខ្លួនតាមរយៈបង្កើនការចែកអំណោយថ្នាំពេទ្យ និងផលិតផលចំណីអាហារទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ តាមរយៈមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៦ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរោងចក្រខនហ្វីរេល និងសហគ្រាសផលិតឱសថប៉េប៉េអឹម មូលនិធិគីណាល់បានឆ្លៀតឱកាសប្រគល់អំណោយជាថ្នាំពេទ្យ និងចំណីអាហារកែច្នៃជាច្រើនកញ្ចប់។
អំណោយទាំងនោះរួមមាន ថ្នាំទម្លាក់សត្វល្អិត PYRANTOX® 250 mg/5 ml ចំនួន ១៤៧០ ដប - ថ្នាំគីណាល់ប្រចាំគ្រួសារចំនួន ១២០០ប្រអប់ (ក្នុងនោះមានថ្នាំបំបាត់ការឈឺចុកចាប់ ថ្នាំរាគ ថ្នាំក្អក និងថ្នាំផ្តាសាយ) ដំណាប់ខ្ញីចំនួន ៣០០០ កញ្ចប់ នំជំនួសបាយរសជាតិស្វាយ និងចេកចំនួន៧២០កញ្ចប់ និងប្រហុកម្សៅប្រាំរសជាតិចំនួន ៤៥០ កែវ។ បើយោងតាមក្រសួង អំណោយទាំងនោះនឹងត្រូវយកទៅចែកចាយដល់ប្រជាពលរដ្ឋដែលរស់នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់មូលនិធិគីណាល់ក្នុងការផ្គត់ផ្គង់ផលិតផលឱសថ និងអាហារដែលមានគុណភាព ផលិតដោយក្រុមហ៊ុនក្នុងស្រុក ដើម្បីបំពេញតម្រូវការរបស់ប្រជាជន។
ក្នុងកាយវិការសាមគ្គីភាពមួយទៀត លោកស្រីសូត្រ វណ្ណារ៉ា ប្រធានរដ្ឋបាលតំណាងឱ្យលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានប្រគល់កញ្ចប់ស្បៀងអាហារចំនួន៤៨ កេសជូនលោកជំទាវសាយ សំអាត ភរិយារបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តាមរយៈតំណាងរបស់លោកជំទាវ គឺលោកលន់ ចាន់ធូ។ កញ្ចប់អំណោយរួមមាន អាហារនំជំនួសបាយ ( Appetine Senior) រសជាតិប្រហុកចំនួន ២០ កេសដំណាប់ខ្ញីចំនួន ២៨ កេស សម្រាប់ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។
ក្នុងឱកាសនោះដែរ ជាកិច្ចតបស្នង លោកជំទាវសាយ សំអាត បានបរិច្ចាគថវិកាចំនួន២០០០ដុល្លារដល់មូលនិធិគីណាល់សម្រាប់ការទិញវត្ថុធាតុដើមបន្ថែមទៀតសម្រាប់ក្រុមស្ម័គ្រចិត្តរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនរៀងរាល់ចុងសប្តាហ៍ដើម្បីផលិតកញ្ចប់អំណោយទាំងនោះ។
មូលនិធិបានគូសបញ្ជាក់ថា លោកជំទាវសាយ សំអាត និងក្រុមគ្រួសារធ្លាប់បានចូលរួមពីរដងរួចមកហើយ ដោយផ្អែកលើមូលដ្ឋានស្ម័គ្រចិត្ត ក្នុងការផលិតនំជំនួសបាយ ឬ Appetine Senior នៅក្រុមហ៊ុនខនហ្វីរេល ហើយការចូលរួមរបស់លោកជំទាវត្រូវបានស្វាគមន៍ដោយ «ការដឹងគុណយ៉ាងជ្រាលជ្រៅ» ពីមូលនិធិគីណាល់៕